ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាលួចយ៉ាងសកម្ម និងអ្នកទទួលផលចោរកម្ម រួមជាមួយអាវុធកែច្នៃជាច្រើន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្ត នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែធ្នូ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានល្បាតនៅក្នុងមូលដ្ឋាន បានប្រទះឃើញមុខសញ្ញាលួចសកម្ម ដែលតែងតែធ្វើសកម្មភាពលួចម៉ូតូ នៅចំនុចឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ភ្លាមៗ សមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ។
ក្រោយសួរនាំរួច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ នៅចំនុចភូមិ/ឃុំខាងលើ ជាច្រើនលើកពិតប្រាកដមែន ហើយបានយកទៅលក់អោយឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ចំនួន០៣ម៉ូតូ ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ បន្តថា ក្រោយពីការស្រាវជ្រាវ និងបានចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផែនការនគរបាលព្រហ្មទណ្ឌ បានការសម្របសម្រួលដោយលោក អ៊ាង សុគុន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការពន្លាតដែនដី និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះដល់ចំនុច ដែលសង្ស័យថា ជាទីតាំងទទួលផលចោរកម្ម និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត រួមមាន ៖ ១.ឈ្មោះ ហ៊ីម វីរ៉ា(ហៅម៉ាប់) ២.ឈ្មោះ ភឿន ញេន និង៣.ឈ្មោះ សេង ម៉ាប់ (ហៅតាកូរ៉េ) ។
ក្នុងករណីលួច និងទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់ខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ៖
-ម៉ូតូ Yamaha Exenter ចំនួន០១គ្រឿង
-ម៉ូតូ Honda wave អាល់ហ្វា ចំនួន០១គ្រឿង
-ទូរសព្ទដៃ ចំនួន០២គ្រឿង
-ម្ស៉ៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ធំល្មម និង០៨កញ្ចប់តូច
-កាំភ្លើងកែច្នៃ (ប្រើហ្គាស) ចំនួន០៤ដើម
-ដាវ ចំនួន០៣ដើម
-ពូថៅ ចំនួន០៣
-កាំបិតផ្គាក់ ចំនួន០២ដើម ។
បច្ចុប្បន្ន ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៤នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកសាងសំនុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕