រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការ ២១២ដុល្លារអាម៉េរិក ជាប្រាក់ឈ្នួលគោល បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា៖ «២១២ដុល្លារអាម៉េរិក ជាប្រាក់ឈ្នួលគោល ប៉ុន្តែបើបូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត ប្រាក់ដែលទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ។ បើទោះបីជាស្ថានភាពសេដ្ឋកិច្ច មានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅ ក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួល អប្បបរមាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុក ចំណាយរបស់បងប្អូនកម្មករនិយោជិត» ។
តំណាងភាគីនិយោជក ឧកញ៉ា ណាង សុធី បានឱ្យដឹងផងដែរថា ៖ «ដោយសារប្រជាជនយើងតម្លៃនៅទាប ដូចនេះអាម៉េរិក ជប៉ុន និងសហភាពអឺុរ៉ុប តែងតែបង្កើតឱកាស ដូចជា EBA, GSP (Generalized System of Preferences ប្រព័ន្ធអនុគ្រោះពន្ធទូទៅ) ដើម្បីជួយបង្កើតការងារដល់ប្រជាជនយើង ហើយការផលិតទំនិញទាំងនេះគឺទាមទារការដឹកនាំទៅក្រៅប្រទេស ប្រសិនស្ថានភាពទីផ្សារពិភពលោក បច្ចុប្បន្នមានស្ថេរភាព នោះវាមិនសូវអីទេ តែគ្រប់គ្នាបានមើលឃើញហើយថា នៅតាមប្រទេសមួយចំនួន នោះការបញ្ជាទិញនឹងធ្លាក់ចុះ ។ ដូចនេះបានជាយើងត្រូវការកិច្ចប្រជុំគិតគ្រប់ជ្រុងជ្រោយ ដើម្បីរក្សាការងារនេះឱ្យបានល្អ។ ជារួមរវាងកម្មករនិយោជិត និងនិយោជក អត់មានបញ្ហាអ្វីនោះទេ លើកលែងតែក្រុមការងារការទូតរបស់សហជីពខ្លះ (ពីរ បីនាក់) ដែលលោកតែតែងទទួលបានការគាំទ្រពីអង្គ្កការសហប្រជាជាតិ គាត់ពុំបានលើកយកបញ្ហាជាក់ស្តែង ដែលយើងកំពុងតែជួបប្រទះលើកមកស្នើទេ តែគាត់លើយកតួលេខមេរបស់ពួកគាត់ចង្អុលបង្ហាញមក យកមកដាក់ស្នើសុំ (ស្នើសុំកំណើនប្រាក់ឈ្នួល) ដែលប្រាស់ចាកនឹងការពិត» ។

ឧកញ៉ា ណាង សុធី បានបញ្ជាក់ផងដែរថា បងប្អូនកម្មករនិយោជិតយើងបានសហការ ទៅលើការប្រជុំប្រាក់ឈ្នួលអប្បបរមា ដោយពួកគាត់មានភាពចាស់ទុំល្អណាស់ រួមទាំងបានគាំទ្រស្មារតីសាមគ្គីភាព និងរាជរដ្ឋាភិបាលកម្ពុជាផង ការពិភាក្សាធ្វើឡើងដោយរលូន មិនមានការលំបាកដូចឆ្នាំមុនៗទេ ។

ជាមួយគ្នានេះផងដែរ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) សម្រាប់ភាគីសហជីព យើងឃើញថាលទ្ធផលថ្ងៃនេះ យើងភាគច្រើនគឺទទួលយកនូវលទ្ធផល ដែលអាចនាំឱ្យទាក់ទាញការវិនិយោគ នៅកម្ពុជាកាន់តែច្រើន ពេលនោះការផ្ដល់ការងារជូន បងប្អូនកម្មករនិយោជិត និងពលករ ដែលចំណាកស្រុក មកពីប្រទេសថៃក៏បានកាន់តែច្រើន។ នេះគឺជាលទ្ធផលមួយដ៏ល្អ សម្រាប់ដើម្បីយើងទាក់ទាញ និងស្រូបយកនូវអ្វីដែលជាការងារ ហើយយើងក៏បានពិនិត្យឃើញ ថាស្ថានភាពបច្ចុប្បន្ននេះ យើងគួរតែទទួលយក ។
លោក គឹម ចាន់សំណាង បន្តថា ៖ «យើងឃើញថាតាមរយៈរបាយការណ៍ របស់ក្រសួងការងារកន្លងមក មានការទទួលបាននូវអ្នកវិនិយោគជាច្រើន ជាពិសេសគឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងនូវវិស័យកាត់ដេរ ជាពិសេសរោងចក្រប្រមាណជាជាង ៣០០ រោងចក្រ ដែលមានកំពុងមានវត្តមាននៅប្រទេសកម្ពុជា ហើយក៏យើងស្រូបយកកម្លាំងពលកម្មរាប់ម៉ឺននាក់ផងដែរ» ។

សូមជម្រាបជូនផងដែរថា បន្ទាប់ពីកិច្ចប្រជុំចំនួន ១៧លើក ភាគីនិយោជក និងភាគីកម្មករនិយោជិតនៅតែមានគោលជំហរផ្សេងៗគ្នា ដោយភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក ហើយភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិក ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ។ ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចយកតួលេខ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ៕ អត្ថបទសហការ
