រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈដែលរោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ។

រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មានកម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយធិច មានកម្មករ ២,៥៣២នាក់ ដែលកម្មករត្រូវបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់។ ចំណែកក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) មានកម្មករ ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ដោយក្រសួងនឹងបន្តតាមដាន ដើម្បីធានាការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករតាមច្បាប់ ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះដល់ទីតាំងរោងចក្រដែលរងផលប៉ះពាល់ដោយនាំក្រុមហ៊ុនទៅជាមួយដើម្បីចុះឈ្មោះកម្មករដែលមានបំណងស្វែងរកការងារថ្មី ព្រោះសហគ្រាសដែលកំពុងត្រូវការកម្លាំងពលកម្មច្រើនជំនាញ ។ សម្រាប់កម្មករ ដែលចង់ផ្លាស់ប្តូរមុខរបរ ក្រសួងក៏ផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលជំនាញថ្មី ដោយឥតគិតថ្លៃផងដែរ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ «រាល់ការបិទរោងចក្រ គឺជារឿងដែលយើងមានការសោកស្តាយ ជាពិសេសផលប៉ះពាល់លើបងប្អូនយើង។ ប៉ុន្តែអ្វីដែលក្រសួងយកចិត្តទុកដាក់បំផុត គឺធ្វើយ៉ាងណាធានាសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូន ជួយផ្គូផ្គងការងារថ្មី និងផ្តល់ឱកាសរៀនជំនាញថ្មីដោយឥតគិតថ្លៃ។ ជាក់ស្តែង មន្ត្រី NEA របស់យើងបានចុះផ្ទាល់ដល់ទីតាំងរោងចក្រនិងផ្គូផ្គងឱកាសការងារជូន» ។
លោកបន្តថា ទោះមានរោងចក្រមួយចំនួនរងផលប៉ះពាល់ក៏ដោយ ស្ថានភាពរោងចក្រ សហគ្រាស និងការងារនៅកម្ពុជាជារួមនៅតែបន្តកើនឡើង ។ ក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រ សហគ្រាសកើនថ្មីប្រមាណ ២,០០០ ខណៈក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ មានការកើនថ្មីចំនួន ៨៤៥ និងបង្កើតការងារថ្មីរាប់ម៉ឺនកន្លែង ។

បន្ថែមពីនេះ បច្ចុប្បន្នមាន ឱកាសការងារនៅកម្ពុជាជាង ៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនដែលមានបំណងស្វែងរកការងារ។ ក្រសួងនឹងបន្តជំរុញការផ្គូផ្គងការងារជូនបងប្អូនកម្មករដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគាត់អាចទទួលបានការងារ និងប្រាក់ចំណូលឡើងវិញបានឆាប់រហ័ស ៕ អត្ថបទសហការ



