ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ រូបភាពដ៏កក់ក្តៅមួយបានកើតឡើងនៅក្នុងឃុំគូលែនត្បូង ស្រុកគូលែន តាមរយៈសកម្មភាពចុះសួរសុខទុក្ខ និងផ្តល់ជំនួយផ្ទាល់ៗដល់ផ្ទះរបស់កុមារៗដែលកំពុងប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែជីវភាពខ្វះខាត។
ដើម្បីកុំឱ្យភាពក្រីក្រមកបង្អាក់ក្ដីស្រមៃចង់រៀនសូត្ររបស់កុមារនៅក្នុងមូលដ្ឋាន លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងលោក ស៊ុន កុសល មេឃុំគូលែនត្បូង បានចាប់ដៃគ្នាដឹកនាំក្រុមការងារពាំនាំយកកង់ និងសម្ភារៈសិក្សាទៅប្រគល់ជូនដល់ដៃប្អូនៗផ្ទាល់នៅតាមផ្ទះ។
អំណោយទាំងអស់នេះ មិនត្រឹមតែជាកង់សម្រាប់ជិះទៅរៀន ឬជាសម្ភារៈប្រើប្រាស់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «កម្លាំងចិត្តដ៏ធំធេង» ជួយសម្រាលបន្ទុកដ៏ធ្ងន់របស់ឪពុកម្តាយអាណាព្យាបាល និងជួយឱ្យកុមារៗមានស្មារតីរឹងប៉ឹង បន្តការសិក្សាទៅមុខទៀតដោយរលូន និងមានក្តីសង្ឃឹម។
នៅក្នុងទឹកចិត្តសប្បុរសធម៌រួមគ្នានេះ រួមមាន លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត បានឧបត្ថម្ភកង់ ១គ្រឿង និងសម្ភារៈសិក្សាមួយចំនួន។ លោកមេឃុំគូលែនត្បូង ឧបត្ថម្ភកង់ចំនួន ៦គ្រឿង។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចូលរួមឧបត្ថម្ភកាតាបចំនួន ៧ ព្រមទាំងសម្ភារៈសិក្សា និងរបស់ប្រើប្រាស់ចាំបាច់។
លោក ប៉ែន ជឹង អភិបាលស្រុកគូលែន ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀលបន្ថែមទៀតផងដែរ។សរុបមក កង់ចំនួន ៧គ្រឿង រួមជាមួយសម្លៀកបំពាក់ និងសម្ភារៈសិក្សាជាច្រើន ត្រូវបានបែងចែកទៅដល់ដៃកុមារដែលត្រូវការបំផុត។ កាយវិការដ៏មានន័យនេះ បានបង្កើតជាស្នាមញញឹម និងក្តីសង្ឃឹមជាថ្មីសម្រាប់ក្រុមគ្រួសារខ្វះខាត ក្នុងការរុញច្រានកូនៗឱ្យទទួលបានការអប់រំដូចក្មេងដទៃទៀតនៅក្នុងសហគមន៍៕

















