ខេត្តសៀមរាប ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងពិធី «ចែកសម្ភារសិក្សានិងមធ្យោបាយធ្វើដំណើរជូនកុមារដែលត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្មតាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ២០២៦» រួមទាំងកញ្ចប់បំណិនជីវិតដល់កុមារនិងក្រុមគ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងហានិភ័យនៃពលកម្មកុមារក្នុងខេត្តគោលដៅចំនួន៧ រួមមាន ខេត្តសៀមរាប កណ្តាល កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។

ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសិប្បកម្មផលិតឥដ្ឋយីហោ យាយមហាលាភ ដែលស្ថិតនៅភូមិគោកឫស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអនុប្រធាន សមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ សមាជិកក្រុមប្រឹក្សាខេត្តជាតំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងគណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត ប្រធាន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីៈខេត្តគោលដៅទាំង៧ មន្ទីរនិងអង្គភាពជំនាញចំណុះរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន តំណាងនិយោជក តំណាងសហជីព ឪពុកម្តាយ អាណាព្យាបាល និងកុមារគោលដៅ សរុបប្រមាណ ៤០០នាក់។

ថ្លែងក្នុងកម្មវិធីនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា ការផ្តល់ជំនួយគាំពារដល់កុមារនិងគ្រួសារគោលដៅទាំងនេះ គឺជាការអនុវត្តជាក់ស្ដែងនូវ “គម្រោងកិច្ចអន្តរាគមន៍ស្នូល” ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារដោយការផ្តល់ជាសម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តចូលរួមលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃពលកម្មកុមារ និងបន្តធានានូវនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់កុមារដែលបានទទួលផលពីគម្រោងកិច្ចអន្តរាគមន៍ស្នូលកន្លងមក។ ទន្ទឹមនេះ លោកជំទាវ ក៏បានលើកទឹកចិត្ត និងជំរុញការសហការជាមួយគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិ/ឃុំគំរូមួយគ្មានពលកម្មកុមារ និងនិរន្តរភាពនៃវិស័យណាមួយ ក្នុងឃុំមួយគ្មានពលកម្មកុមារ។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការក៏បានផ្សព្វផ្សាយបន្ថែមអំពី ឱកាសក្នុងការចូលរៀនជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ TVET ១,៥លាន និងបានណែនាំឲ្យអធិការការងារ បន្តពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ សំដៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅកម្ពុជា។
ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមផ្តល់ព័ត៌មានភ្លាមៗ តាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក ដើម្បីអធិការការងារអាចអន្តរាគមន៍ជួយសង្រ្គោះកុមារបានទាន់ពេលវេលា៕ អត្ថបទសហការ

