រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់មតិមួយចំនួន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង
សុណាឌីន បានបញ្ជាក់ថា បុគ្គលឈ្មោះ សាម ម៉ីជូ កំពុងនៅក្នុងពន្ធនាគារមិនដូចការលើកឡើងថា «ចូលតាមទ្វារមុខ ចេញតាមទ្វាក្រោយ»ឡើយ ។
អ្នកនាំពាក្យពន្ធនាគារបានសរសេរលើបណ្តាញសង្គម នៅយប់ថ្ងៃទី៣១ កក្តដា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ក្នុងនាម អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ខ្ញុំសូមបញ្ជាក់ជូនយ៉ាងខ្លីថា បុគ្គលឈ្មោះ សាម ម៉ីជូ ក្នុងឋានៈជាជនត្រូវចោទ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន» គឺកំពុងឃុំខ្លួនក្នុងពន្ធនាគាររាជធានីភ្នំពេញ តាមរយៈ
ដីកាបង្គាប់ឃុំខ្លួនចេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
លោកបន្តថា មួយវិញទៀត មិនដូចការបញ្ចេញយោបល់មួយចំនួនលើបណ្តាញសង្គមដែរថា «ចូលតាមទ្វារមុខ ចេញតាមទ្វារក្រោយ» ឡើយ ព្រោះគ្រប់ពន្ធនាគារទូទាំងប្រទេស អនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមនីតិវិធីពន្ធនាគារពាក់ព័ន្ធនឹងការទទួលឃុំខ្លួន ឬការដោះលែងជនណាម្នាក់ បន្ទាប់ពីមានការសម្រេចរបស់ស្ថាប័នតុលាការ ៕