ខេត្តកំពង់ស្ពឺ៖ គិតត្រឹមព្រឹកថៃ្ងទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ រោងចក្រផលិតលោហៈធាតុ គឺនៅតែបន្តឆេះឮស្នូរសម្លេងផ្ទុះរប៉េះរបោះនៅឡើយ មិនទាន់រលត់ទាំងស្រុងនោះទេ។
ប៉ុន្តែសកម្មភាពកងកម្លាំងនគរបាលចុះអន្ដរាគមន៍លេីករណីអគ្គិភ័យឆេះទីតាំងរោងចក្រ កែច្នៃលោហៈធាតុ សុីនសេងសេង មេថល មេធីរៀល អុិនដាស្ទ្រៀល ផាក ឯ.ក (Xinshengsheng Metal Materials Industrial P ark Co., Ltd)ស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ តាមព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានថា ទីតាំងខាងលេីជាកន្លែងកែច្នៃលោហៈធាតុផ្សេងៗ ដូចជាថ្មពិលចាស់ៗ ត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍។ ដោយសារតែរោងចក្រកែច្នៃលោហៈធាតុខាងលើមានស្នូលផ្ទុះ ទើបសមត្ថកិច្ចពិបាកក្នុងការអន្តរាគមន៍បាញ់ពន្លត់។
បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឲ្យឆេះរោងចក្រកែច្នៃលោហៈធាតុខាងលើនេះគឺ បណ្ដាលមកពីការឆ្លងចរន្ដអគ្គីសនី ចេញពីថ្មពិល។
ចំពោះទំហំទឹកប្រាក់នៃការខូចខាតមិនទាន់អាចវាយតម្លៃបាននៅឡើយនោះទេ។ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រោងចក្រកែច្នៃលោហៈធាតុ នៅឆេះរប៉េះរប៉ោះមិនទាន់រលត់ទាំងស្រុងនោះទេ។ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែអន្តរាគមន៍ប្រចាំការជានិច្ច៕














