រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងប្រើប្រាស់ឱកាសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដើម្បីបង្ហាញសក្តានុពលលើវិស័យបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលទៅកាន់សហគមន៍ប្រទេសនិយាយភាសាបារាំង បន្ថែមលើសក្តានុពលផ្នែកវប្បធម៌ បេតិកភណ្ឌ និងធនធានធម្មជាតិ ។ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា កម្ពុជាកំពុងអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងជំរុញបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ ព្រមទាំងបង្កើតឱកាសផ្លាស់ប្តូរបច្ចេកវិទ្យា សហការអភិវឌ្ឍ និងទាក់ទាញការវិនិយោគថ្មីៗ ។ ការលើកឡើងនេះធ្វើឡើងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។

ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ។ ព្រឹត្តិការណ៍នេះជាកម្មវិធីអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។
រៀបចំដោយក្រសួងប្រៃសណីយ៍ និងក្រសួងកិច្ចការនារី ដោយមានកិច្ចសហការពីក្រសួងការបរទេស ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង និងដៃគូពាក់ព័ន្ធ ព្រឹត្តិការណ៍នេះប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីពីប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីជាមួយអាស៊ាន ។

កម្មវិធីសំខាន់ៗរួមមាន ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល វេទិកាវិនិយោគ ការផ្គូផ្គងធុរកិច្ច និងវេទិកាពិភាក្សា ដោយផ្តោតលើប្រធានបទចំនួន ៧ រួមមាន បញ្ញាសិប្បនិម្មិត និងអភិបាលកិច្ច រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ បច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង ធុរកិច្ចថ្មី ស្ត្រីក្នុងនវានុវត្តន៍ និងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍និងវប្បធម៌ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាវេទិកាជួបប្រជុំរបស់សមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលរៀបចំរៀងរាល់ ២ឆ្នាំម្តង ចាប់តាំងពីឆ្នាំ ១៩៨៦ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ ៩០ប្រទេស ។ ការធ្វើជាម្ចាស់ផ្ទះលើកនេះ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយសក្តានុពលជាតិ និងទាក់ទាញភ្ញៀវទេសចរ ព្រមទាំងវិនិយោគិនពីប្រទេសនិយាយភាសាបារាំង ខណៈភាសាបារាំងមានអ្នកប្រើប្រាស់ប្រមាណ ៣២១លាននាក់ និងអ្នកកំពុងរៀនប្រមាណ ១៤៤លាននាក់នៅទូទាំងពិភពលោក ៕





