ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរឃុំចំបក់ នៃស្រុកភ្នំស្រួច បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងបើកបរយានយន្តគ្រប់ប្រភេទ ខណៈដែលស្ថានភាពកម្ពស់ទឹកនៅក្នុងមូលដ្ឋានកំពុងតែបន្តហក់ឡើង។
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មេឃបានធ្លាក់ភ្លៀងទឹកជន់ហក់ឡើង ធ្វើឱ្យធ្លាក់រថយន្តដឹកខ្សាច់១គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក នៅចំណុចទំនប់បង្ហៀទឹកពាមពូល(ចាក់សាប) ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប៉ុន្តែកុងរថយន្តមិនមានរងរបួសនោះទេ សំណាងល្អ ចេញពីក្នុងរថយន្តទាន់ គ្រាន់តែរងការខូចខាតរថយន្តផ្នែកខាងមុខតែប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅកន្លែងទំនប់បង្ហៀរទឹកពាមពូលបានលើកឡើងថា រថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខភ្នំពេញ2A-4579 មិនទាន់ស្គាល់ឈ្មោះអ្នកបើកបរនោះទេ។ រថយន្តខាងលើបានធ្វើដំណើរពីទិសខាងត្បូងមកទិសខាងជើងស្រាប់តែរអិលធ្លាក់ទៅខាងស្ដាំដៃ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចជួយអន្តរាគមន៍ហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង ។
រដ្ឋបាលឃុំចំបក់ធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទំនប់បង្ហៀរទឹកពាមពូល ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារតែរដូវវស្សា មានភ្លៀងធ្លាក់ច្រើនហើយប្រឈមហានិភ័យខ្ពស់ដោយសារតែជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំនានា នៅក្នុងស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ៕







