រាជធានីភ្នំពេញ ៖ ដំណឹងរីករាយ អ្នកជំនាញបានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែប ចំនួនពីរដំបូងគេបង្អស់ ត្រូវបានរកឃើញនៅដើមឆ្នាំ២០២៥ នេះបើតាមអង្កការ WCS កម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។
អង្កការបានលើកឡើងថា តាមរយៈកម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែប ក្រុមការងារអភិរក្សសត្វអណ្តើក នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែប ចំនួនពីរសម្បុកដំបូងបង្អស់ក្នុងឆ្នាំ២០២៥ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ។
ក្រុមការងាររំពឹងថា នឹងរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបនេះ បន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំ២០២៥នេះ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែឧសភា ។
ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែប នៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គ ចំនួន២០១សម្បុក ដែលមានពងសរុប ចំនួន៧,២៩២គ្រាប់ និងញាស់បាន៣,៥៩១កូន។ ប៉ុន្តែក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារ បានកត់សម្គាល់ឃើញថា សម្បុកសត្វកន្ធាយក្បាលកង្កែបនេះ មានការធ្លាក់ចុះ ដោយមានសម្បុកចំនួន១០ ក្នុងឆ្នាំ២០២៣ និង១១សម្បុក ក្នុងឆ្នាំ២០២៤ តែប៉ុណ្ណោះត្រូវបានរកឃើញ ។
ប្រភពបានបន្តថា សត្វកន្ធាយក្បាលកង្កែប ជាប្រភេទសត្វ ដែលទទួលរងគ្រោះជិតផុតពូជបំផុត នៅក្នុងសកលលោក។ វាត្រូវបានគេគិតថា ផុតពូជពីប្រទេសកម្ពុជា ជាយូរមកហើយ ប៉ុន្តែដល់ឆ្នាំ២០០៧ ក្រុមការងារស្រាវជ្រាវអណ្ដើក និងកន្ធាយ បានរកឃើញវត្តមានរបស់វាឡើងវិញ នៅចន្លោះប្រមាណ៤៨គីឡូម៉ែត្រ នៃដងទន្លេមេគង្គពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
កម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែប គឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែបនេះ ឱ្យមានច្រើនឡើងវិញ នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ៕