រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនយុវជនឈាមរាវ អាយុក្រោម១៨ឆ្នាំ ចំនួន០៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងល្បាត នៃមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និងឆែករកឃើញគ្រឿងញៀន ចំនួន ០២កញ្ចប់ រួមនឹងឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួន នៅចំណុចមុខការ៉ាស់សាំង LHR ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបន្តសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះដល់បន្ទប់ជួលរបស់បក្ខពួកក្រុមជនសង្ស័យ ធ្វើការឃាត់ខ្លួន ចំនួន០៣នាក់ បន្ថែមទៀត ព្រមទាំងដកហូតដាវចំនួន ០១ដើម កាំបិតចំនួន ០៦ដើម រួមនឹងឧបករណ៍សម្រាប់កាច់សោ.កម៉ូតូ មួយចំនួនទៀតផងដែរ ។
ជនសង្ស័យទាំង ០៥នាក់ រួមមាន ៖
១. ឈ្មោះ គឹម វណ្ណីកាអូន ភេទប្រុស អាយុ១៧ឆ្នាំ
២. ឈ្មោះ ប្រាក់ រ៉ាជេម ភេទប្រុស ១៧ឆ្នាំ
៣. ឈ្មោះ សុធារិន វីរៈ ភេទប្រុស អាយុ១៥ឆ្នាំ
៤. ឈ្មោះ ជួន ចៅឡង់ ភេទប្រុស អាយុ១៥ឆ្នាំ
និង៥. ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៤ឆ្នាំ ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើន លើកច្រើនសារ និងជាមុខសញ្ញាប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនជាញឹកញាប់ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តព្រះសីហនុ ០១ឆ្នាំ ករណីហិ.ង្សា ម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០១ឆ្នាំ ករណីប៉ុនប៉ងលួច និងម្នាក់ធ្លាប់ជាប់មណ្ឌលអប់រំកែប្រែផ្តាច់សារធាតុញៀនឱកាសខ្ញុំ ០២ខែ ផងដែរ ៕