រាជធានីភ្នំពេញ ៖ ថ្លែងក្នុងបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលមានពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ដែលប្រវត្តិសាស្ត្រមិនដែលមានក្នុងទ្រង់ទ្រាយធំបែបនេះ ខណៈបញ្ហានេះ គឺជាបញ្ហាដែលរសើបបំផុត ទាមទារឱ្យដោះស្រាយ ដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ៖ “ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ប្រវត្តិសាស្ត្រប្រទេសយើងអត់ ដែលមានទេ នៅក្នុងទ្រង់ ទ្រាយធំបែបនេះ ពីឆ្នាំ១៩៩៧ ខ្ញុំចាំ ពេលដែលមានវិបត្តិហិរញ្ញវត្ថុ នៅអាស៊ីអាគ្នេយ៍ និងវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសថៃ កម្ពុជាអត់មានបញ្ហាទេ ព្រោះកាលនោះ កាលទិញលក់អចលនទ្រព្យ អត់មានច្រើនទេ មានប្រាកដណាស់ ពីដើមអាណត្តិ មានជនជាតិផ្សេងគេមកវិនិយោគទិញលក់អីទៅ ប៉ុន្តែខ្មែរយើងមិនទាន់មាន ហើយទិញពេលនោះ គឺអត់មានទិញខ្ចីធនាគារទេ ពេលនោះភាគច្រើនប្រើលុយសុទ្ធ ចឹង វិបត្តិអី វិបត្តិទៅ អត់មានបញ្ហាប៉ុន្មានទេ ហើយយើងក៏មិនប៉ះពាល់ច្រើន ប៉ុន្តែលើកនេះ គឺមានទំហំធំ” ។
ជាមួយគ្នានេះដែរ សម្តេចធិបតី បានមើលឃើញថា ដោយសារបញ្ហាកូវីដ ដែលមិនអាចប៉ានស្មានជាមុនបាននេះហើយ ទើបធ្វើឱ្យស្ថានភាព វិស័យអចលនទ្រព្យ មានការធ្លាក់ចុះជាខ្លាំង នាំឱ្យម្ចាស់គម្រោងបុរីមួយចំនួន ដែលកំពុងចាប់យកឱកាសវិនិយោគលើវិស័យនេះ ជួបវិបត្តិ ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានបានបញ្ជាក់ថា “បញ្ហានេះ គឺជាបញ្ហា ដែលរសើបបំផុត បញ្ហាដែលត្រូវដោះដោយមានភាពបត់បែន បញ្ហាត្រូវដោះដោយភាពយោគយល់គ្នា និងភាពអំណត់ ។ ខ្ញុំចែកជាពីរ បុរីដែលធ្វើពិត មានចេតនាពិត គ្រាន់តែបញ្ហាប្រឈម ការវាយតម្លៃខុស និងបុរី ដែលមានចេតនាបោកប្រាស់ អានឹងគេហៅឆបោក ខ្លះអត់មានបុរីផង” ។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា ដំបូងគេបំផុត ពេលដែលខ្ញុំ ទទួលតួនាទី អ្វីដែលជាការតាមដាន ដោយយកចិត្តទុកដាក់របស់ខ្ញុំជាងគេ រឿងអចលនទ្រព្យនេះឯង។ ប្រសិនបើមានបញ្ហា ជាមួយវិស័យអចលនទ្រព្យ គឺវាជះឥទ្ធិពល ទៅដល់វិស័យធនាគារ និងផ្សេងៗទាំងអស់។ នេះហើយជាគោលដៅធំបំផុតរបស់យើងពីរ ទិសដៅ ពីរមុខព្រួញដែលត្រូវធ្វើ ទី១ដោះស្រាយបញ្ហា ចំពោះមុខ វិវាទ ទី២ត្រូវធ្វើមិច ធានាការរស់រានមានជីវិត មិនឱ្យស្លាប់ នៃវិស័យអចលនទ្រព្យ នេះគឺជាគោលដៅដ៏ធំដែលត្រូវធ្វើ យើងដោះស្រាយបែបណា កុំឱ្យមានភាពច្របូកច្របល់” ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដែលខិតខំធ្វើកិច្ចការងារដោះស្រាយនេះ ដោយភាពអត់ធ្មត់ និងប្រសិទ្ធភាព ដោយសម្តេចយល់ឃើញថា បើពុំនោះទៀតសោត មិនដឹងថា ត្រូវចាប់ខ្លួនមនុស្សប៉ុន្មាននាក់នោះទេ ចំពោះករណីអចលនទ្រព្យនេះ ។
ពាក់ព័ន្ធនឹងបញ្ហាវិវាទបុរី សម្តេចធិបតី បានទម្លាយឲ្យដឹងថា ៖ “ខាងបុរីមួយចំនួន សំណូមពរ ថាត្រូវអនុវត្តច្បាប់ទៅលើអ្នកនេះរឹងកំព្រឹស អតិថិជនមួយចំនួន ទាមទារឱ្យអនុវត្តច្បាប់ ចាប់ម្ចាស់បុរី ខាងធនាគារមួយចំនួន ថាត្រូវតែអនុវត្តឱ្យរឹងកំព្រឹស អ្នកអត់បង់ត្រូវចាប់ត្រូវអី ខ្ញុំថា ហើយបើរវល់តែចាប់គ្រប់គ្នារលាយហើយ វាបង្កើតនូវភាពកាន់តែរំជើបរំជួល ៩៩គម្រោង បើសិនជាមានបញ្ហា ៩៩គម្រោង មានបញ្ហាទាំង៩៩ ហើយយើងចាប់ តើនរណាជាអ្នកដោះ ? នេះហើយដែលយើងត្រូវគិតគូ” ៕