រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរ នូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជា ដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។
ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការគណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP នៅក្នុងការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសាកល ។
សម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើតម្លៃ នៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែលមានសារសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ, តំបន់, និងសកលលោក។ ក្នុងន័យនេះ សម្ដេចបវរធិបតី បានចែករំលែកបន្ថែមអំពីបទពិសោធន៍ នៃដំណើរស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា តាមរយៈនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំ និងការកសាងភាពជឿទុកចិត្ត គឺជាយន្តការគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកស្វែងរកសន្តិភាពពេញលេញ នៅកម្ពុជា ។
សម្ដេចបវរធិបតី និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងសមាជិកគណៈប្រតិភូ ក៏បានពិភាក្សាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ៕