រាជធានីភ្នំពេញ ៖ រថយន្តទ្រុងដឹកទំនិញ ១គ្រឿង គឺដឹកថ្នាំពណ៍ម៉ាក «4SEASONS» រាប់សិបធុង ចេញពីឃ្លាំងទៅដាក់ឲ្យម៉ូយតាមដេប៉ូនានា ហើយខណៈកំពុងបើកបរលឿន ទៅដល់ចំណុចរង្វង់មូល ក៏ស្រាប់តែរបូតគន្លឹះជញ្ជាំទ្រុង បណ្ដាលឲ្យជ្រុះធ្លាក់ថ្នាំពណ៍ជាច្រើនធុង កំពប់ល្ហល្ហាចប្រឡាក់ពេញផ្លូវ តែម្ដង ។
រថយន្តដឹកថ្នាំពណ៍នោះ បានជួបរឿងស៊យបែបនេះ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅលើមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសត្រើយខាងត្បូង ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ បាននិយាយថា រថយន្តទ្រុង ១គ្រឿង ខាងលើ មានម៉ាកហ៊ីណូ ពណ៍ក្រហម លាយបៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ 3B-4401 បើកបរដោយបុរសម្នាក់ ហើយជារថយន្តដឹកថ្នាំពណ៍ម៉ាក «4SEASONS» ។ ដោយឡែកនៅមុនពេលកើតហេតុ រថយន្តនេះ ដឹកថ្នាំពណ៍ម៉ាកខាងលើខ្ទង់រយធុង ចេញពីឃ្លាំងមួយកន្លែង ស្ថិតនៅម្ដុំខាងលិចវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីយកទៅដាក់ឲ្យម៉ូយ នៅតាមដេប៉ូនានា ។
ប្រភពដដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា រថយន្តនេះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង និងលឿនគួរសមដែរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុនោះ ក៏ជួបរឿងស៊យ មិននឹកស្មានដល់ និងកម្រកើតមាន ដោយបានរបូតគន្លឹះជញ្ជាំងទ្រុងចំហៀងខាងស្ដាំ បណ្ដាលឲ្យជ្រុះធ្លាក់ធុងថ្នាំពណ៍ ប្រមាណពី៥០ទៅ៦០ធុង កំពប់ល្ហាចល្ហប្រឡាក់ពេញផ្លូវ ព្រោះពេលធ្លាក់ពីលើរថយន្ត ធុងថ្នាំទាំងនោះ សុទ្ធតែរបើកគម្របទាំងអស់ ។
ប្រភពខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ថ្នាំដែលកំពប់ចេញពីក្នុងធុងនោះ មានពណ៍ស មួយចំនួន និងពណ៍ពងមាន់ចាស់ មួយចំនួន ហើយសំណាងល្អដែរ ដែលពុំបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះឡើយ ប៉ុន្តែបានរងការខាតបង់ច្រើនគួរសមដែរ ។ ក្រោយពេលកើតហេតុកម្មករក្រុមហ៊ុនថ្នាំ និងអ្នកបើកបររថយន្ត បាននាំគ្នាប្រមូលធុងថ្នាំ ដែលធ្លាក់ដាក់លើរថយន្តវិញ ប៉ុន្តែមានតែធុងទទេប៉ុណ្ណោះ ព្រោះថ្នាំបានកំពប់ហៀរលើផ្លូវអស់ទៅហើយ ។
បន្ទាប់មក កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌពោធិ៍សែនជ័យ បានចុះទៅនាំយករថយន្តខាងលើ ទៅរក្សាទុកនៅសាលាខណ្ឌ ដើម្បីរង់ចាំការដោះស្រាយអំពីផលប៉ះពាល់ ដែលនាំឲ្យប្រឡាក់ផ្លូវធ្ងន់ធ្ងរនេះ ៕